Skip to content

សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅប្រទេសកម្ពុជា លើកទី៣ គោលបំណងរួម វិធីសាស្រ្ត និងសកម្មភាព

March 25, 2013

សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅប្រទេសកម្ពុជា លើកទី៣

គោលបំណងរួម វិធីសាស្រ្ត និងសកម្មភាព

  1. 1.   តើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតគឺជាអ្វី?

សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត (VRA) គឺជាការវាយតំលៃ ដែលមានលក្ខណៈប្រព័ន្ធ និង វិទ្យាសាស្រ្តនៃគុណភាពរបស់បញ្ជីឈ្មោះអ្នកបោះឆ្នោត។ សវនកម្មនេះ ប្រព្រឹត្តទៅដោយមិនសំដៅ​លើ​ដំណើរការ​ចុះឈ្មោះបោះឆ្នោត​ និងមិនសំដៅលើគ្រប់អ្នកបោះឆ្នោត​នៅក្នុងប្រទេសកម្ពុជា​នោះ​ទេ តែវារៀបចំឡើងដោយប្រើប្រាស់វិធីសាស្រ្តសំណាកស្ថិតិ ដើម្បីបង្កើតចេញជារបាយការណ៍នៃ​បរិបទទៅលើគុណភាពទាំងមូលរបស់បញ្ជីឈ្មោះអ្នកបោះឆ្នោត។ សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត (VRA) គឺជាវិធីសាស្រ្តមួយដែលត្រូវបានអនុវត្តន៍ដោយអ្នកសង្កេតការណ៍បោះឆ្នោត​ទូទាំងពិភពលោក​ហើយថែមទាំងត្រូវបានគេបង្ហាញថា វិធីសាស្រ្តនេះ ជាវិធីសាស្រ្តដែលអាចទុកចិត្តបាន និងត្រឹមត្រូវ​តាមលក្ខណៈអន្តរជាតិ។

  1. 2.   ហេតុអ្វីបានជាការធ្វើសវនកម្មនេះ មានសារៈសំខាន់?

នៅក្នុងប្រទេសជាច្រើន ការប្រើប្រាស់សិទ្ធិដើម្បីបោះឆ្នោត គឺផ្អែកទៅលើភាពសុក្រិត និងត្រឹមត្រូវនៃ​បញ្ជី​​ឈ្មោះអ្នកបោះឆ្នោត។ ការថែទាំ និងការថែរក្សានូវបញ្ជីឈ្មោះអ្នកបោះឆ្នោត អាចជាបញ្ហា​ប្រឈម​មួយសំរាប់ប្រទេសដែលខ្វះខាតកំណត់ត្រា អត្រាប្រជាពលរដ្ឋមិនសិ្ថតសេ្ថរ ឬហេដ្ឋារចនាសម្ព័ន្ធ​នៅទន់ខ្សោយនៅឡើយ។ បន្ថែមលើសពីនេះទៀត បញ្ជីឈ្មោះអ្នកបោះឆ្នោតងាយ នឹងរងឥទ្ធិពល​ក្លែងបន្លំ​ដើម្បីកេងយកអត្ថប្រយោជន៍ពីការបោះឆ្នោត។ ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបញ្ជីឈ្មោះ​អ្នកបោះឆ្នោតតាមរយៈសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត(VRA) អាចជួយឲ្យរកឃើញ និងធ្វើឲ្យ​ញញើតញញើមនូវការក្លែងបន្លំការបោះឆ្នោត ជួយកែលំអរកំហុសឆ្គងកិច្ចការ​រដ្ឋបាល និងជួយពង្រឹង​នូវភាពជឿជាក់ក្នុងដំណើរការនៅថ្ងៃបោះឆ្នោត និងកំឡុងពេលនៃការបោះឆ្នោត។ គោលដៅរបស់​សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត (VRA) គឺធ្វើការវាយតំលៃលើគុណភាពនៃបញ្ជីឈ្មោះ​អ្នកបោះឆ្នោតថ្មីដែលបញ្ចូលគ្នាជាមួយបច្ចុប្បន្នភាពនៃបញ្ជីចុះឈ្មោះឆ្នាំ២០១២។ ហើយបញ្ជី​បោះឆ្នោតនេះ នឹងត្រូវបានគេប្រើប្រាស់សំរាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត​ឆ្នាំ២០១៣​ខាងមុខនេះ។​

  1. 3.   ​តើនរណាជាអ្នករៀបចំធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត (VRA)?

សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត (VRA) ត្រូវបានរៀបចំដោយគណៈកម្មាធិកាអព្យាក្រឹត និងយុត្តិធម៌​ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) ដែលជាអង្គការសង្កេតការណ៍​បោះឆ្នោតឈានមុខគេនៅកម្ពុជា ក្រោមជំនួយបច្ចេកទេសពីមជ្ឈមណ្ឌល​សម្រាប់ការសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់ (CAS) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យសំរាប់កិច្ចការអន្តរជាតិ (NDI)។ សវនកម្មបញ្ជី​ឈ្មោះអ្នកបោះឆ្នោត (VRA) បានឩបត្ថម្ភជាថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ការអភិវឌ្ឍ​អន្តរជាតិ(USAID)។  សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត ត្រូវបានទទួលការឯកភាពយល់ព្រម​ពី​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយគោរពតាមច្បាប់ និងបទបញ្ជានៃ ការបោះឆ្នោត​​របស់ព្រះរាជាណាចក្រកម្ពុជា។​

 

  1. 4.   តើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត (VRA) ប្រព្រឹត្តទៅយ៉ាងដូចម្តេច?

សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត គឺជាការធ្វើតេស្តតាមវិធីពីរបែប៖ តេស្តពីបញ្ជីទៅមនុស្ស និងតេស្ត​ពី​មនុស្សទៅបញ្ជី។​

  • តេស្តពីបញ្ជីទៅមនុស្ស ធ្វើឡើងដើម្បីបញ្ជាក់ថា គ្រប់ឈ្មោះអ្នកបោះឆ្នោតដែរ​នៅក្នុងបញ្ជី​គឺជាឈ្មោះប្រជាពលរដ្ឋពិតប្រាកដមែន ហើយអ្នកទាំងនោះមានសិទ្ធិ និងលក្ខណៈគ្រប់គ្រាន់​ដើម្បីបោះឆ្នោត ដូច្នេះរាល់ព័ត៌មានរបស់អ្នកនោះ ដូចជាអាសយដ្ឋានស្នាក់នៅ គឺពិតជាត្រឹមត្រូវ និងបានធ្វើបច្ចុប្បន្នភាព។ មជ្ឃមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់​(CAS) បាន​ជ្រើសរើសដោយចៃដន្យនូវសំណាកនៃឈ្មោះអ្នកបោះឆ្នោតពីបញ្ជីបោះឆ្នោត ហើយ​អ្នកសម្ភាសន៍របស់អង្គការ NICFEC ធ្វើការតាមរកនិងសម្ភាសន៍អ្នកទាំងនោះ។ អង្គការ NICFEC ក៏ធ្វើការតាមរកសំណាកអ្នកបោះឆ្នោត ដែលបានស្រង់ចេញពីបញ្ជី​លុបឈ្មោះ​អ្នកបោះឆ្នោតផងដែរ។
  • តេស្តពីមនុស្សទៅបញ្ជីធ្វើឡើងដើម្បីកំណត់សមាមាត្រចំនួនអ្នកបោះឆ្នោតដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ អ្នកសម្ភាសន៍អង្គការ NICFEC បានជ្រើសរើសដោយចៃដន្យ និងសម្ភាសន៍អ្នកបោះឆ្នោតនៅក្នុងភូមិ ឃុំដែលបានកំណត់​អោយ។ អ្នកសម្ភាសន៍​ក៏ស្វែងរកអ្នកផ្តល់ឆ្លើយពិសេសដែលស្ថិតក្នុងលក្ខខណ្ឌ​កូតា ​ដូចជា​ទើបតែអាយុ១៨ឆ្នាំ ជនពិការ អ្នកទើបនឹងស្លាប់ និងអ្នកដែលទើបផ្លាស់ទីលំនៅ។​

សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត(VRA)  ត្រូវបានរៀបចំធ្វើឡើងដោយប្រើប្រាស់សំណាកចៃដន្យ​ជាច្រើន​ដំណាក់កាល។ អ្នកសម្ភាសន៍ ត្រូវបានពង្រាយក្នុង៤១៤ឃុំទូទាំង​២៤ខេត្ត/ក្រុង។ អ្នកសម្ភាសន៍​ម្នាក់ ត្រូវសម្ភាសន៍មនុស្ស៤នាក់​ដែលស្រង់ចេញពីបញ្ជី ២នាក់ចេញពីបញ្ជីលុបឈ្មោះ ៤នាក់ជ្រើសរើសដោយចៃដន្យដែលជាប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិបោះឆ្នោត និង២នាក់តាម​លក្ខខណ្ឌកូតា។ ជារួម សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត មានសំណាកចំនួន ៤៨៩៣នាក់ ដែលជា​ប្រជាពលរដ្ឋកម្ពុជា។​

វិធីសាស្រ្តសវនកម្មជាសកលរបស់វិទ្យាស្ថានជាតិ NDI គឺជាប្រភេទតេស្តលើកទី៣​ដែលគេហៅថា​“ សវនកម្មដោយប្រើប្រាស់កុំព្យូទ័រ “ ដែលមានបំណងដើម្បីបំពេញបន្ថែមជាមួយតេស្តសវនកម្ម​តាមភូមិ/ឃុំ។ សវនកម្មប្រើប្រាស់កុំព្យូទ័រ ត្រូវបានរៀបចំឡើងដើម្បីវិភាគដោយស្វ័យប្រវត្តិ​ទៅលើ​បញ្ជីឈ្មោះបោះឆ្នោតទាំងមូល ដើម្បីកំណត់ឈ្មោះស្ទួនក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត បញ្ជាក់អំពី​កំណត់ត្រាដែលមិនពេញលេញ ឬមិនត្រឹមត្រូវ និងនិន្នាការកំហុសឆ្គង​ដទៃផ្សេងទៀត ដូចជានៅក្នុង​បញ្ជីមានឈ្មោះអ្នកបោះឆ្នោតមិនទាន់គ្រប់អាយុ។ គួរឲ្យសោកស្តាយផងដែរ ដែលវិទ្យាស្ថានជាតិ NDI និងអង្គការដៃគូ មិនអាចទទួលបាននូវបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុង​ទម្រង់អេឡិចត្រូនិចដែលអាច​ធ្វើការវិភាគបាន។ ភាពលំអៀងសវនកម្មដោយប្រើប្រាស់កុំព្យូទ័រនៃព័ត៌មានស្តីពីការិយាល័យបោះឆ្នោត និងទិន្នន័យទាក់ទងនឹងការបោះឆ្នោតដាក់បង្ហាញជាសាធារណៈត្រូវបានរៀបចំឡើង។​

 

  1. 5.   តើលទ្ធផលដែលទទួលបានមានភាពត្រឹមត្រូវកំរិតណា?

សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត ត្រូវបានធ្វើឡើងដោយមានភាពសុក្រឹត ដោយមានតួលេខ​លំអៀង​បូក ឬដកពីរចុចប្រាំ(±២.៥) និងភាពប្រហាក់ប្រហែល៩៥%។ មានន័យថា ៩៥%នៃទិន្និន័យ គឺមាន​ភាពត្រឹម​ត្រូវ ដោយមានពីរចុចប្រាំភាគរយ (២.៥%)សំរាប់លទ្ធផលចុងក្រោយ។

 

  1. 6.   តើអ្វីជាយន្តការត្រួតពិនិត្យគុណភាព នៅក្នុងសវនកម្មនេះ?

ដើម្បីធានានូវភាពជឿជាក់ខ្ពស់បំផុតអាចធ្វើទៅបាន ទៅលើការរកឃើញនៃVRA នេះ វិទ្យាស្ថានជាតិ NDI និងអង្គការដៃគូ បានប្រើប្រាស់វិធីសាស្រ្តមួយចំនួន ដើម្បីត្រួតពិនិត្យគុណភាពទិន្នន័យ។ វិធីសាស្រ្តទាំងនោះរួមមាន៖ អ្នកត្រួតពិនិត្យរបស់ CAS ចុះត្រួតពិនិត្យអ្នកសម្ភាសន៍​នៅនឹងកន្លែង​ផ្ទាល់ ជ្រើសរើសដោយចៃដន្យ និងសម្ភាសន៍ឡើងវិញ​ដោយឡែកនូវអ្នកឆ្លើយ​ប្រហែល​២៥%​ដែល​អ្នកសម្ភាសន៍អង្គការ NICFEC បានសម្ភាសន៍ អ្នកត្រួតពិនិត្យឯករាជ្យវិទ្យាស្ថានជាតិ NDI និងCAS រួចហើយមានការសម្អាតទិន្នន័យដោយអង្គការ NICFEC CAS និងបុគ្គលិកវិទ្យាស្ថានជាតិ NDI​ពិនិត្យ​រកមើលឡើងវិញម្តងទៀតនូវឈ្មោះប្រជាពលរដ្ឋដែលរកមិនឃើញនៅក្នុងបញ្ជីឈ្មោះ សំរាប់តេស្ត​ពីមនុស្សទៅបញ្ជី និងពិនិត្យមើលឡើងវិញសំរាប់តេស្តពីបញ្ជីទៅមនុស្ស ក្នុងករណីដែលអ្នកសម្ភាសន៍​មិនអាចរកឃើញអ្នកឆ្លើយ។​

  1. 7.   សវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាកាលពីលើកមុន

នៅឆ្នាំ២០០៧ និងឆ្នាំ២០០៨ វទ្យាស្ថានជាតិ NDI ​បានសហការជាមួយអង្គការដៃគូ NICFEC CAS និងគណៈកម្មាធិកាអព្យាក្រឹត និងយុត្តិធម៌​ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) បានរៀបចំធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតលើកទី១ និងលើកទី២។  សវនកម្ម​បញ្ជី​បោះឆ្នោតថ្មីៗនេះក្នុងឆ្នាំ២០០៨ បានបង្ហាញពីបញ្ហាខ្លះក្នុងបញ្ជីឈ្មោះ​អ្នកបោះឆ្នោត ជាពិសេសនោះ គឺកំហុសលើការលុបឈ្មោះអ្នកបោះឆ្នោតចំនួន៥៧០០០នាក់ពីបញ្ជី មុនការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្តឆ្នាំ២០០៨។ ការរកឃើញរបស់សវនកម្មឆ្នាំ២០០៧ និងឆ្នាំ២០០៨ នឹងចង្អុលបង្ហាញ​ដល់អ្នកវិភាគសវនកម្មលើកទី៣ នូវការរីកចំរើន ឬពុំមានភាពរីកចំរើនទៅលើសុចនាករ​សំខាន់ៗ​ដើម្បីវាស់វែងគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោតក្នុងប្រទេសកម្ពុជា។​

Advertisements

Comments are closed.

%d bloggers like this: